សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។  
 


នារីលក់ស្រាបៀ

ប្រវត្តិរបស់ប្អូនស្ត្រីម្នាក់ដែលបានរៀបរាប់ អំពី មូលហេតុដែលធ្វើអោយនាង ក្លាយទៅជា
អ្នកផ្ទុក មេរោគអេដស៍

កម្មវិធីយើងសូមលើកយកប្រវត្តិ របស់ស្ត្រីបំរើស្រាបៀម្នាក់មករៀបរាប់ដោយ មានការអនុញ្ញាតពី
សាម៉ីខ្លួន ។ ប្អូនស្រី ក ជាក្មេងកំព្រាឱពុកម្តាយ នាងមានអាយុ ២០ឆ្នាំ តែនាងត្រូវមានតួនាទី
ទទួល បន្ទុកចិញ្ចឹមជីដូនចាស់ជរា និង ប្អូនប្រុសម្នាក់អោយរៀនសូត្រ។ ជីដូនរបស់នាងរស់
នៅតាមខេត្ត ហើយ នាងបានមករស់នៅ ភ្នំពេញតាមមិត្តភក្តិដើម្បីរកការងាធ្វើ ។ ដោយសារនាងជាស្ត្រីដែលមានរូបសម្ផស្ស ស្រស់ស្អាត ហើយនៅក្មេងនាងអាចរកការងារ
ធ្វើបានយ៉ាង ឆាប់រហ័សជា អ្នកបំរើស្រាបៀនៃក្រុមហ៊ុន មួយ។ នាងតែងតែធ្វើដំនើរ តាមរថយន្តរបស់ក្រុមហ៊ុន រៀងរាល់យប់ ដើម្បីទៅកាន់ហាងនានាក្នុង ទីក្រុងភ្នំពេញ ។ នាងមានលទ្ធភាពរកបាននូវប្រាក់ចំណូល ច្រើនជាងមិត្តរួមការងាររបស់នាង មាន បុរសជាច្រើន ចូលចិត្តហៅរកនាងអោយចាក់ស្រា និង កំដរគេហូបស្រា ដោយអោយប្រាក់កំរៃបំរើ បន្ថែម ។ បន្តិចម្តងៗ ដោយសារតំរូវការថវិកា និងការភ្លើតភ្លើន ធ្វើអោយនាងភ្លេចខ្លួន បណ្តោយខ្លួន
ក្លាយទៅ ជាស្ត្រី កំដរអារម្មណ៍ បុរសជាច្រើនដោយមិនដឹងខ្លួន ។ នាងបានបញ្ជាក់ថា ពេលខ្លះនាងបានរួមភេទដោយបានការពារ ពេលខ្លះទៀតក៏មិនបានការពារដែរ។ ពេលវេលា
ចេះតែកន្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ នាងមានដៃគូច្រើនរាប់មិនអស់រហូតដល់ថ្ងៃមួយ
នាងមានគូកំណាន់ ជាបុរសចំណាស់អ្នកមានម្នាក់ ដែលមានប្រពន្ធរួចហើយ គេបានអោយនាង
ឈប់ធ្វើជាស្ត្រីបំរើស្រាបៀរ ដោយសុខចិត្ត ផ្តល់ប្រាក់ចិញ្ចឹមនាងនឹងរកផ្ទះសមរម្យ មួយអោយ
នាងស្នាក់នៅ។

រយៈពេលមួយឆ្នាំកន្លងផុតទៅ នាងមានកូនប្រុសមួយជាមួយបុរសចំណាស់នោះ ជីវភាពរបស់
នាង ហាក់បានប្រសើរឡើង ក៏ប៉ុន្តែសេចក្តីសុខនេះមិនអាចស្ថិតនៅបានយូរអង្វែងទេ ដំនឹងនេះត្រូវបានលេចឮទៅដល់ភរិយារបស់គេ ។ ប្រពន្ធរបស់គេព្យាយាម តាមបំបែកនាង
ដោយប្រើប្រាស់គ្រប់វិធីដើម្បី បំផ្លាញជីវិតនាង និង កូនជាទីស្រលាញ់របស់នាង រហូតដល់
ពេលមួយនាងក៏បង្ខំចិត្តចាកចេញ ពីបុរស ម្នាក់នោះ ដោយត្រលប់ទៅរស់នៅស្រុកកំនើតវិញ។ កូនប្រុសរបស់នាងមានអាយុជិតមួយខួបហើយ សុខភាពវាមិនសូវល្អទេ វាឧស្សាហ៍ឈឺ ហើយ
មានការលូតលាស់យឺត ជាងកូនអ្នកជិតខាងរបស់នាង ។ ថ្ងៃមួយវាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ
ហើយ ត្រូវការបញ្ចូលឈាម ពេលនោះពេទ្យបានប្រាប់ថាកូននាងមានផ្ទុកមេរោគអេដស៏ ។
នាងមានការតក់ស្លុតជាខ្លាំង ពេលទទួលដំនឹងនេះ ហើយនាងគិតថា កូននេះ ប្រហែលជាឆ្លង
ពីនាងហើយ ។ នាងបានស្មគ្រ័ចិត្តទៅធ្វើតេស្តឈាម តាមការណែនាំរបស់គ្រូពេទ្យ លទ្ធផល បានបញ្ជាក់ថានាងមាន ផ្ទុកមេរោគអេដស៏ពិតមែន។ នាងមានការធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម
យ៉ាងខ្លាំងក្នុងជីវិត ។ នាងចាប់ផ្តើម ឃុំឃាំងខ្លួនតែក្នុងបន្ទប់ដោយមិនចង់ជួបនឹងនរណាម្នាក់
ព្រមទាំងបង្អត់អាហារខ្លួនឯង រហូតដល់ពេលខ្លះនាងចង់សំលាប់ខ្លួន ទៀតផង ពេលនោះ សុខភាពនាងក៏ចាប់ផ្តើម ចុះទ្រុឌទ្រោមយ៉ាងខ្លាំង ធ្វើអោយជីដូនរបស់នាងព្រួយបារម្ភ
និង ព្យាយាមអង្វរអោយនាងទៅមន្ទីរពេទ្យ តែមិនបានសំរេច ។ ចៃដន្យថ្ងៃមួយ មិត្តភក្តិចាស់
បានទៅលេងផ្ទះនាង ហើយបានដឹងពីបញ្ហានេះ គេក៏បានប្រាប់នាងអោយទាក់ទងមកលេខ ទូរសព្ទ័ ពិសេសរបស់កម្មវិធី ឥន្ទធនូ ។ នាងក៏បានសាកល្បងទាក់ទងមក ប៉ុន្តែជាដំបូង នាងមិនហ៊ាននិយាយ អ្វីទាំងអស់ នាងគ្រាន់តែ់ចុចទូរសព្ទ័ចូលមកហើយ បិទទូរសព្ទ័ទៅវិញ
ជាច្រើនដង ទីបំផុតនាងដាច់ចិត្ត និយាយជាមួយ អ្នកផ្តល់ប្រឹក្សារបស់កម្មវិធីយើង ។ ដោយសារការជជែក គ្នាតាម ទូរសព្ទ័មានលក្ខណៈ ជាអនាមិក និង អាចរក្សាការសំងាត់បាន ធ្វើអោយ នាងមានភាពស្និទ្ធស្នាល ក្នុងការនិយាយរៀបរាប់ពីអ្វីៗដែលមានក្នុងចិត្តរបស់នាង។
បន្តិចម្តងៗ នាងកាន់តែចូលចិត្ត កម្មវិធីយើងហើយព្រមទៅរកសេវាព្យាបាលតាមការណែនាំ
របស់ ឥន្ទធនូ ។ ឥឡូវនេះ នាង និងកូនរបស់នាង មានសុខភាព ល្អប្រសើរជាង មុន ដោយបាន
ទទួលនូវសេវាព្យាបាលពីអង្កការមួយតាមការណែនាំ របស់កម្មវិធី ឥន្ទធនូ។ នាងបានផ្លាស់
ប្តូរមុខរបរ ដោយប្រកបរបរជាអ្នក លក់គ្រឿងទេស ហើយអាចរក ចំណូលបានល្មមគ្រប់គ្រាន់ នឹង ទ្រទ្រង់ជីវភាព គ្រួសារបាន ។ នាងបានបញ្ជាក់ថា ពិតមែនតែពេលនេះ នាងមានផ្ទុកមេរោគ
អេដស៏ តែ នាងរស់នៅដោយមានសង្ឃឹមក្នុងជីវិត ដោយនាងគិតទៅដល់កូន និង ម្តាយចាស់ជរា ជារឿងសំខាន់។ នាងបានក្លាយទៅជាអតិឋិជនជាប្រចាំរបស់ កម្មវិធី ឥន្ទធនូ នាងតែងតែយក
កម្មវិធីរបស់យើងធ្វើជាទី ប្រឹក្សានៅពេលដែល នាងមានបញ្ហាទាក់ទងទៅ នឹង សុខភាព រឺ
បញ្ហាជីវិត ។

កម្មវិធី យើងសូមរក្សាសិទ្ធិ ដោយមិនបង្ហាញឈ្មោះ និង ទីតាំង ពិតប្រាកដ របស់ប្អូនស្រីខាងលើ តាម សំនូមពររបស់នាង។

បើប្អូនៗមានបំនង ចង់អោយកម្មវិធីរបស់យើងយករឿងរបស់ប្អូនមកចុះផ្សាយក្នុងទំព័រ របស់យើង សូមប្អូនរៀបរាប់រឿងរបស់ប្អូនមកតាម កម្មវិធីទូរសព្ទ័ របស់ឥន្ទធនូ តាមរយៈលេខពិសេស ០១២ ៩៩៩ ០០៨ & ០១២ ៩៩៩ ០០៩ & ០៩២ ៩១ ៤១ ១១
   

.



....

bl
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org
br