|
|
 |
ស្រ្តីមេផ្ទះឈ្មោះធីតា |
 |
 |
ធីតា, ជាឈ្មោះដែលអ្នកនិពន្ធយើងដាក់អោយ, នាងជាស្ត្រីមេផ្ទះ មានអាយុ ២៧ឆ្នាំ
និងមានកូន២នាក់ក្នុងបន្ទុក។ នាងបាន ទូរសព្ទ័មកកម្មវិធីរបស់យើង
ដើម្បីពិភាក្សារកដំណោះស្រាយស្តីពីវិបត្តិក្នុងគ្រួសាររបស់នាង។ ដំណើររឿងធីតា
មានដូចតទៅ ៖
ធីតាបានរៀបការនៅឆ្នាំ ១៩៩៩ ក្នុងខេត្តកំពង់ឆ្នាំង។ ស្វាមីនាង
ប្រកបរបរធ្វើស្រែ និង ទិញ-លក់ជ្រូក ឯនាងលក់ដូរអីវ៉ាន់កំប៉ិក
កំប៉ុកៗនៅមុខផ្ទះ។ តាំងពីចាប់ដៃគ្នាមក គូស្រកររបស់នាង រស់នៅរកស៊ីជាមួយគ្នា
យ៉ាងសុខសាន្តរហូតបានកូន ២នាក់។ ក្រោយពេលផ្តល់កំណើតកូនទី២បាន១ ឆ្នាំ
មុខរបររកស៊ីរបស់គ្រួសារនាងហាក់
ដូចជាមិនសូវសមប្រកបដូចសព្វដង ធ្វើឱ្យមានបញ្ហារកាំរកូស ក្នុងក្រុមគ្រួសារ។
ថ្ងៃមួយធីតានិងស្វាមី មានការឈ្លោះ
ប្រកែកគ្នាយ៉ាងខ្លាំង ដោយនាងបានដឹងថាស្វាមីរបស់ខ្លួន មិនមែន រកស៊ីខាតទេ
គឺគាត់មានចិញ្ចឹមស្រីកំណាន់
ម្នាក់ដែលនៅចំងាយ២០គីឡូម៉ែត្រពីភូមិនាង ។ ចាប់តាំងពីពេលនោះមក ប្តីរបស់ធីតា
បានចុះចេញពីផ្ទះបាត់ដំណឹង
សូន្យឈឺង មិនដឹងជាទៅទីណា ហើយនាងក៏មិនដឹងថា គួរទៅរកប្តីនៅទីណាដែរ។
ធីតាពិបាកចិត្តយ៉ាង ខ្លាំងណាមួយ
បាត់ប្តី, ណាមួយត្រូវទទួលបន្ទុកចិញ្ចឹមកូនតូចទាំង២ តែម្នាក់ឯង។
រឿងដែលសំខាន់មួយទៀត គឺធីតាចាប់ផ្តើមគិត
ដល់ការឆ្លងជំងឺពីប្តី ជាពិសេសគឺ ជំងឺអេដស៍។ នាងស្រកទំងន់ជាច្រើនគីឡូ
ដោយសារតែការពិបាកចិត្ត និង ការភ័យខ្លាច។
ធីតាបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែរ តែស្ថានភាពរបស់នាង
ហាក់ដូចជាមិនបានប្រសើរឡើយ ធ្វើឱ្យនាងកាន់តែបារម្ភ ខ្លាំងថែមទៀត ។
ថ្ងៃមួយ ធីតាបានទៅសួរសុខទុក្ខបងជីដូនមួយនាង ដែលមានជំងឺជាទំងន់
ដោយសារមេរោគអេដស៍ ពេលនោះ
នាងចាប់ផ្តើម គិត ពីអាការៈរោគរបស់ខ្លួន តែមិនហ៊ាននិយាយឱ្យនរណាដឹងឡើយ។
ក្រោយពេលបាយល្ងាចរួច ធីតា និង អ្នកជិតខាងជជែកគ្នារកមធ្យោបាយជួយបងស្រីនាង។
អ្នកជិតខាងរបស់បងនាង មានកូនជាកម្មការិនីធ្វើការនៅ
រោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ គេបានស្គាល់លេខទូរសព្ទ័
កម្មវិធីអេដស៍របស់សមាគម ឥន្ទធនូ ពួកនាងក៏សំរេចចិត្តទូរសព្ទ័មកពិគ្រោះយោបល់
។ អ្នកផ្តល់ប្រឹក្សា របស់ឥន្ទធនូ បានផ្តល់យោបល់ពីផលប្រយោជន៍
ដែលគួរនាំអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យ ព្រោះគាត់ត្រូវការ ការព្យាបាលជំងឺ
ឱកាសនិយម និង ទទួលថ្នាំពន្យារជីវិតឱ្យ បានទាន់ពេលវេលា ពួកនាងក៏បានទទួល
ពត៌មានពីទីតាំង និង ឈ្មោះមន្ទីរពេទ្យដែល ត្រូវនាំអ្នកជំងឺទៅផងដែរ។
ក្រោយពេល ដោះស្រាយរឿងរបស់ បងស្រីចប់
ធីតាគិតថាកម្មវិធីនេះប្រហែលជាអាចជួយនាងបានដែរ ទើបនាងយកលេខ
ទូរសព្ទ័មកទុកជាសំងាត់ ដើម្បីទាក់ទងនៅពេលមានឱកាសល្អ។ មកដល់ផ្ទះវិញ
ធីតាក៏សាកល្បងទូរសព្ទ័ចូល មកកម្មវិធី និងបាន
ពិគ្រោះយោបល់ជាមួយអ្នកផ្តល់ប្រឹក្សា ស្តីពីរឿងរ៉ាវក្នុងគ្រួសារ និង
ពីអាការៈរោគរបស់ខ្លួន។ អ្នកផ្តល់ប្រឹក្សាបាន រៀបរាប់ប្រាប់
ពីរោគសញ្ញានៃជំងឺឱកាសនិយម ពន្យល់ពីលក្ខណៈ
ប្រហាក់ប្រហែលមួយចំនួន ដែលធ្វើអោយអ្នកជំងឺមានការបារម្ភ ។ ពួកគាត់
បានលើកទឹកចិត្តអោយ ធីតាទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យផ្នែកជំងឺទូទៅជាមុនសិន
រឺ មួយធីតាអាចជ្រើសរើសការទៅ ធ្វើតេស្តឈាម ដេម្បិបីំបាត់ការសង្ស័យ
នៅសេវាធ្វើតេស្តឈាម ដោយស្មគ្រ័ចិត្ត , រក្សាការសំងាត់ និង
មិនបង់ប្រាក់ដែលមាន នៅជិតមូលដ្ឋានរបស់នាង ។ ១ សប្តាហ៍ក្រោយមក
ធីតាក៏សំរេចចិត្តទ្តៅពិនិត្យឈាមតាមការណែនាំ លទ្ធផលតេស្តបានបញ្ជាក់ថា
ធីតាគ្មានផ្ទុកមេរោគទេ ធីតាសប្បាយចិត្តណាស់
បានទូរសព្ទ័ប្រាប់ពីដំណឹងល្អអោយបងៗនៅកម្មវិធីឥន្ទធនូ ជួយអបអរសាទរ
ចំពោះលទ្ធផលនេះ
នាងចាប់ផ្តើមមានកំលាំងចិត្តទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្លូវចិត្តបន្តទៀត
តាមការណែនាំ ។
១ ឆ្នាំក្រោយមក ធីតាបានទូរសព្ទ័ មកកម្មវិធីយើងម្តងទៀត
ព្រោះនាងមានបញ្ហាមួយផ្សេងកើតឡើង។ ប្តីរបស់ធីតា បានវិល
ត្រឡប់មកជួបជុំគ្នាវិញ
គាត់ចង់មានការរួមភេទដោយមិនព្រមប្រើប្រាស់ស្រោមអនាម័យការពារ
គាត់បានបដិសេធដែលធីតា សុំអោយគាត់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ គាត់អះអាងថា
គាត់មិនដែលធ្វេសប្រហែសក្នុងការរួមភេទម្តងណាឡើយ។ ដោយសារភាពភ័យខ្លាច
ធីតាមិនព្រមរួមភេទជាមួយប្តីទេ ធ្វើឱ្យកើតមានការឈ្លោះទាស់ទែងគ្នាជាខ្លាំង
ប្តីនាងបានចោទ ប្រកាន់ ថា នាងមានសាហាយ ទើបមិនព្រមរួមដំណេកជាមួយប្តី។
ធីតាបានរៀបរាប់ដោយ យំយែកយ៉ាងខ្លាំង នាងប្រាប់ អ្មកផ្តល់ប្រឹក្សា
របស់កម្មវិធីឥន្ទធនូថា នាងមិនដឹងពិភាក្សារឿងនេះ ជាមួយនរណាទេ
ព្រោះខ្លាចផ្អើលដល់អ្នកជិតខាង នាំអោយខ្មាស់គេ ។ យើងបានលើកទឹកចិត្ត និង
លួងលោម អោយនាងព្យាយាមរកវិធីដោះស្រាយដោយសន្តីវិធី លើកយកហេតុផលផ្សេងៗ
ទន់ភ្លន់ និង ផ្អែមល្ហែម ដើម្បីពន្យល់ប្តី ជៀសវាង នូវការយកកំហឹងទល់កំហល
ដែ់លអាចបង្កអោយទៅជាមានអំពីហឺង្សាបាន។ អ្មកផ្តល់ប្រឹក្សាបាន
ណែនាំពីមធ្យោបាយមួយចំនួន ដែលអាចទាក់ទាញអារម្មណ៍ប្តីនាងឱ្យគិត
ទៅដល់ការធ្វើតេស្តឈាម ដូចជា បិទ រូបភាពអប់រំស្តីពីការការពារ
ការធ្វើតេស្តឈាម ឬ បើកកម្មវិធីអប់រំ ក្នុងទូរទស្សន៍ រឺ វិទ្យុ រឺ មួយយក
លេខទូរសព្ទ័កម្មវិធី ឥន្ទធនូ នៅបិទក្នុងបន្ទប់ទឹក ជាដើម។ ធីតាក៏សាកល្បង
ធ្វើតាមការណែនាំរបស់អ្នកផ្តល់ប្រឹក្សា ប៉ុន្មានអាទិត្យក្រោយមក ធីតា
សង្កេតឃើញថាប្តីនាងមានលក្ខណៈស្ងៀមសាត់មិនរករៀងដូចមុនទៀតទេ ។
ថ្ងៃមួយប្តីរបស់ធីតាបានយកស្រោមសំបុត្រមួយ មកហុចឱ្យធីតា។ ប្តីនាងបានប្រាប់ថា
គាត់បានលួចទូរសព្ទ័មកកម្មវិធី នេះមិនអោយធីតាដឹងទេ ក្រោយមកទើបគាត់
សំរេចចិត្ត ទៅធ្វើតេស្តឈាមតាមការពន្យល់របស់ អ្មកផ្តល់ប្រឹក្សា។ ឥឡូវនេះ
លទ្ធផលតេស្តឈាម បានបញ្ចាក់ថា គាត់គ្មានមេរោគអេដស៍ ទេ
គាត់សប្បាយចិត្តខ្លាំងណាស់ គាត់ភ្ញាក់ខ្លួន និង
ស្តាយក្រោយជាខ្លាំងដោយសារការប្រព្រឺត្តខុសរបស់គាត់ ធ្វើអោយគ្រួសារ បែកបាក់
និង បង់ខាតទ្រព្យសម្បត្តិ និងខាតពេលវេលា ទៀតផង ។ គាត់បានសន្យាជាមួយធីតាថា
ចាប់ពីពេលនេះតទៅ គាត់ នឹងខិតខំឡើងវិញ ដើម្បី លុបលាងនូវទោសកំហុសពីមុនមក។
ស្វាមីនាង បានស្មគ្រ័ចិត្តប្រើស្រោមអនាម័យការពារមួយរយៈសិន
ដើម្បីរង់ចាំការធ្វើតេស្ត ឈាមលើកទី២ នៅ៣ខែ ក្រោយទៀត
ព្រោះគាត់មានគំរោងចង់បានកូនមួយទៀត ។ ធីតាបាននិយាយ ថា
ការយល់ព្រមប្រើស្រោមអនាម័យដោយខ្លួនគាត់
ជារឿងភ្ញាក់ផ្អើលខ្លាំងណាស់សំរាប់នាង ព្រោះថាតាំងដើមមកទោះបីជានាង ខំ អង្វរក
យ៉ាងណាក៏ដោយ ក៏គាត់មិនព្រមដែរ នាងមិនដែលគិតថា ប្តីរបស់នាងមានការ
ផ្លាស់ប្តូរច្រើនបែបនេះឡើយ។
ធីតា និងស្វាមី បានទូរសព្ទ័មកថ្លែងអរគុណដល់កម្មវិធី ឥន្ទធនូ ដែលបានរួមចំណែក
ធ្វើអោយគ្រួសារនាងរកឃើញនូវ
សុភមង្គល ឡើងវិញ។ ឥន្ទធនូ បានជួយផ្តល់នូវកំលាំងចិត្តដល់នាងម្តងហើយម្តងទៀត
ផ្តល់នូវសេចក្តីក្លាហាន ដើម្បីជំនះនូវភាពភ័យខ្លាច ក្នុង ការស្វែងរកការពិត ។
ធីតា និងស្វាមីបានក្លាយទៅជាអតិថិជនជាប្រចាំរបស់កម្មវិធី ឥន្ទធនូ
នាងតែងតែទូរសព្ទ័មកពិគ្រោះ យោបល់ រាល់ពេលនាងមានបញ្ហា
ព្រមទាំងផ្សព្វផ្សាយលេខរបស់កម្មវិធី ឥន្ទធនូ ទៅមិត្តភក្តិ និង
អ្នកដែលបានស្គាល់ទៀតផង ។
ផលិត និងរៀបរៀងឡើងដោយ សមាគមឥន្ទធនូ ថ្ងៃទី១៦ ខែកក្កដា
ឆ្នាំ២០០៧ |
|
|
|
|
|
|
|